ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ទទួលសម្ភារការិយាល័យរបស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ជូនគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០:០០ព្រឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងចូលរួមក្នុងពិធីប្រគល់សំភារៈការិយាល័យរបស់ក្រសួងការបរទេស

នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់ជូនគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា៖

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកថា ក្រសួងការបរទេសចិន បានផ្ដល់ជំនួយឧបករណ៍សម្ការការិយាល័យដែលមានទឹកប្រាក់ចំនួន២លានយ័ន ដែលក្រសួងការបរទេសចិនផ្ដល់ជូនគណៈកម្មាធិការខាងកម្ពុជាគឺដើម្បីបង្កើនប្រសិទ្ធភាពការងារខាងគណៈកម្មាការ ដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យបានកាន់តែជិតស្និទ្ធឡើង។

-ក្នុងឱកាសនេះដែរ ខ្ញុំមានការរីករាយណាស់ ក្នុងនាមគណៈកម្មាធិការកម្ពុជាក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងឱកាសពិធីប្រគល់អំណោយសំភារៈការិយាល័យយ៉ាងច្រើនដែលជាអំណោយរបស់ក្រសួងការបរទេសចិន ដែលមានតម្លៃ២លានយ័ន ផ្ដល់ជូនគណៈកម្មាធិការកម្ពុជា ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង“ផែនការសកម្មភាព ៥ឆ្នាំដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣)”ឲ្យមានប្រសិទ្ធភាពខ្ពស់។

-ជំនួយឧបត្ថម្ភដ៏សំខាន់នេះ ដែលមានសំភារៈការិយាល័យសំម្បូរបែបយ៉ាងច្រើននឹងជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការកម្ពុជា ដែលមានស្ថាប័នក្រសួងចំនួន១៧ជាសមាជិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា កន្លងមកជាពិសេសបញ្ជីការងារបន្ទាន់ដែលយើងត្រូវធ្វើឱ្យសម្រេច។

-ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមជាអធិបតីភាពជាមួយ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) ដែលបាននំាឱ្យពាណិជ្ជកម្មរវាងកម្ពុជានិងចិន កាន់តែមានទំហំធំធេងថែមទៀត លើសពី១០ប៊ីលានដុល្លារអាមេរិក នៅឆ្នំា2023 ដែលបានគ្រោងទុក ជាពិសេសការនំាចេញកសិផលកម្ពុជាឱ្យបានច្រើនថែមទៀតទៅប្រទេសចិន។

-ក្នុងនាមគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់នូវសំភារៈការិយាល័យអេឡិចត្រូនិកជាច្រើនទំាងនេះ ដើម្បីនឹងសម្រួលការងារគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា។

-ក្នុងឱកាសនេះតាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភហិរញ្ញប្បទានយ៉ាងច្រើនជាបន្តបន្ទាប់ដល់កម្ពុជា ជាជំនួយឥតសំណង កម្ចីអត់ការប្រាក់ ឬការប្រាក់ទាប ព្រមទំាងការវិនិយោគដែលមានទំហំធំធេង ជារៀងរាល់ឆ្នាំនៅកម្ពុជា។