ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឱ្យ ឯកឧត្តម Hidehisa HORINOUCHI អគ្គរាជទូតជប៉ុន ជម្រាបលាដែលចប់ អាណត្តិបេសកកម្មនៅកម្ពុជា

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតិឲ្យ ឯកឧត្តម Hidehisa HORINOUCHI អគ្គរាជទូតជប៉ុន ជម្រាបលាដែលចប់ អាណត្តិបេសកកម្មនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកសរសើរ ឯកឧត្តមអគ្គរាជទូតជប៉ុន ដែលបានបំពេញភារកិច្ចបានយ៉ាងល្អក្នុងការពង្រឹងពង្រីកមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុន។ ឆ្លៀតឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកក្នុងកំឡុងពេល បេសកកម្មពីឆ្នាំ២០១៦ ដល់២០១៩ ជប៉ុនបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជាសរុបចំនួន ជាង១៨១លានដុល្លារអាមេរិក និងកម្ចីចំនួនជិត៤២២លានដុល្លារអាមេរិក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន ដែលបាន ក្លាយជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ដ្ររវាងប្រទេសតាមបណ្ដោយទន្លេមេគង្គ និងជប៉ុន ដែលកម្ពុជា ក៏បានទទួលជំនួយច្រើនពីជប៉ុនដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីជប៉ុនទទួលសិក្ខា កាមកម្ពុជា ដែលទៅធ្វើការ និងកម្មសិក្សា ហើយទទួលបានបៀរវត្តន៍ខ្ពស់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកថានេះជារូបភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ កម្មករជំនាញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីវិនិយោគរបស់ជប៉ុននៅកម្ពុជា កាន់តែកើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលសព្វថ្ងៃមានជិត២៥០០លានដុល្លារអាមេរិក។

ក្នុងឱកាសនេះ ឯកឧត្តម Hidehisa HORINOUCHI អគ្គរាជទូតជប៉ុន បានមានប្រសាសន៍ ថា ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា គាត់បានឃើញប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តម អគ្គរាជទូតជប៉ុន បានបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ បាន អញ្ជើញទៅទស្សនៈកិច្ចនៅប្រទេសជប៉ុនជាងរៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គរាជទូតជប៉ុន បានលើកឡើងអំពីវិនិយោគជប៉ុននៅកម្ពុជាបានកើនឡើងចំនួន៣,៣ដង និងទំហំ ពាណិជ្ជកម្មបានកើនឡើងចំនួន៣៤ភាគរយ។

អំពីកាសែតអាមេរិក ចោទប្រកាន់ថាមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ឯកឧត្តម អគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កងទ័ពជើងទឹកជប៉ុន បានទៅចតនៅខេត្តព្រះសីហនុ និង មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។ ឯកឧត្តម អគ្គរាជទូត ជប៉ុន បានចោទជាសំនួរថា ហេតុអ្វីបានជាមានការផ្សព្វផ្សាយពីអាមេរិក? ហើយឯកឧត្តមអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា មានបំណងជួយក្នុងបញ្ហានេះ។

អំពីយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក ឯកឧត្តម Hidehisa HORINOUCHI មានប្រសាសន៍ថា កម្ពុជា ជាចំណុចកណ្ដាល នៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា អាស៊ានក៏មានទស្សនៈអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីសម្របសម្រួលជាមួយយុទ្ធ សាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក។ ត្រង់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាតំបន់ ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តយុទ្ធសាស្រ្ត ដែលមានកាលានុវត្តន៍ភាព និងការប្រឈម។ ដូច្នេះកម្ពុជាយល់ថាឥណ្ឌូ-ប៉ាស៊ីហ្វិក រួមចំណែកដល់ការថែរក្សាសន្តិភាព សេរីភាព និងវិបុលភាព ក្នុងតំបន់ ធ្វើយ៉ាងណាឲ្យឥណ្ឌូ-ប៉ាស៊ីហ្វិក ជាការបំពេញបន្ថែមក្របខ័ណ្ឌនៃកិច្ចសហប្រតិ បត្តិការរបស់អាស៊ានដែលមានស្រាប់ដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា(EAS) វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM-Plus) និងយន្តការអាស៊ានបូកមួយ ដែលជាវេទិកាដែលអាស៊ាននាំមុខ។